(ផ្សាររុង ក្លឿប្រទេសថៃ)
ក្រុងប៉ោយប៉ែត៖ នៅថ្ងៃ ទី២៩ ខែកញ្ញាឆ្នាំ២០២០ ស្ត្រីខ្មែរម្នាក់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ(ប្រទេសថៃ) បានស្លាប់បាត់បង់ជីវិតដោយសារគំនរភួយរលំសង្កត់លើ ស្ថិតក្នុងផ្សារ(អ.ប៉.ច)រុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
ជនរងគ្រោះឈ្មោះ ជួត រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ រស់នៅក្រុងប៉ោយប៉ែត ស្នាក់នៅប្រទេសថៃដើម្បីប្រកបរបរលក់ដូរទំនិញ។
មុនកើតហេតុ គ្រួសារ(ប្ដី)ជនរងគ្រោះបាន បើករថយន្តពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចូលទៅក្នុងផ្សារថៃ រុងក្លឿឈមនឹងច្រកទ្វារព្រំដែនអន្តជាតិកម្ពុជា-ថៃដើម្បីមកមើលទំនិញនិង មកលេងប្រពន្ធដែលលក់ដូរនៅក្នុងផ្សារនេះផងដែរ។
ក្រោយពីស្វាមីជនរងគ្រោះបានមកដល់តូបលក់ដូរនិង បានស្រែកហៅប្រពន្ធពីខាងក្រៅតូបព្រមទាំងបានទូរស័ព្ទចូលហើយតែមិនមានអ្នកទទួលទើបបានកើតជាការសង្ស័យ ស្រែកឱ្យអ្នកជិតខាងជួយគាស់ទ្វារ ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនត្រូវគំនរភួយរលំសង្កត់ពីលើបណ្តាលឱ្យសន្លប់មិនដឹងខ្លួន។
ស្ត្រីរងគ្រោះនេះ មានមុខរបរលក់កំរាលនិងភួយជជុះ។ គាត់មានកូនចំនួន២នាក់និងបានស្នាក់នៅក្នុងតូបផ្សារថៃតែម្នាក់ឯង ចំណែកឯស្វាមី និងកូនៗរស់នៅក្នុងក្រុងប៉ោយប៉ែត ហើយស្របពេលចំថ្ងៃផ្សារ របស់ខ្លួន(ផ្សារអ.ប៉.ច) ត្រូវបានអាជ្ញាធរ ខេត្តស្រះកែវនិងខេត្តបន្ទាយមានជ័យ អនុញ្ញាតឱ្យបើករថយន្តចូលមកមើលតូបក្នុងផ្សារថៃនោះ ប្តីជនរងគ្រោះក៏បានបើករថយន្តមកដល់តូបស្រាប់តែ ជួបប្រទះឃើញរឿងអកុសលបែបនេះតែម្តងទៅ។
ករណីស្ត្រីអាជីវករខ្មែរត្រូវគំនរភួយរលំសង្កត់បណ្តាលឱ្យសន្លប់មិនដឹងខ្លួននោះត្រូវបានកម្លាំងសន្តិសុខផ្សាររាយការណ៍ទៅសមត្ថកិច្ចថៃនិងបន្តហៅរថយន្តសង្គ្រោះសុខាភិបាលថៃ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យថៃ តែជាអកុសលស្ត្រីជនរងគ្រោះខាងលើបាន ស្លាប់ខណៈពេលដឹកទៅដល់មន្ទីរពេទ្យ ស្រុកអារញ្ញហើយនោះ។
សពជនរងគ្រោះក្រោយពីកម្លាំង សមត្ថកិច្ចបានធ្វើកោសល្យវិច័យរួចរាល់ ហើយ ត្រូវបានបញ្ជូនមកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន ។