ភ្នំពេញ៖ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនមួយចំនួន នឹងបើកទ្វារសិក្សាឡើងវិញហើយ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ បន្ទាប់ពីបានបិទទ្វារអស់រយៈប្រមាណជា៦ខែ ព្រោះតែជំងឺកូវីដ១៩។
សាលារៀនតាមបណ្ដារាជធានីខេត្ត រៀបចំសម្អាតបរិស្ថានតាមស្តង់ដាអនាម័យ មុនពេលបើកដំណើរការឡើងវិញក្នុងដំណាក់កាលទី២
គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ដែលដាក់ឱ្យអនុវត្តតាមស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការនេះឡើងវិញប្រកបដោយសុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
សូមជម្រាបថា ក្នុងឱកាសនៃកិច្ចប្រជុំណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា “ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយប្រថានឡើយ” ។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។ សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួននឹងបើកដំណើរការឡើងវិញដំណាក់កាលទី២នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១តទៅ។
គ្រឹះស្ថានអប់រំរបស់រដ្ឋដែលបើកទ្វារទទួលសិស្សនៅថ្ងៃនេះ សម្រាប់២១រាជធានី-ខេត្ត បើកទ្វារសម្រាប់តែថ្នាក់ទី៩ និងថ្នាក់ទី១២។ រីឯខេត្ត៤ផ្សេងទៀត ដែលមានហានិភ័យឆ្លងជំងឺកូវីដ១៩ទាប គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី អនុញ្ញាតឱ្យបើកទ្វារគ្រប់កម្រិតសិក្សាពីថ្នាក់ទី១ ដល់ទី១២។
ក្រៅពីគ្រឹះស្ថានសិក្សារដ្ឋ គ្រឹះស្ថានសិក្សាឯកជនចំនួន ៣០០កន្លែង ពីកម្រិតមត្តេយ្យ ដល់ឧត្តមសិក្សា ក៏នឹងបើកទ្វារសាលាឡើងវិញផងដែរ បន្ទាប់ពីក្រសួងអប់រំចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ ដល់ទីតាំងសាលាអំពីការអនុវត្តវិធានការសុវត្ថិភាព។
ការចាប់ផ្តើមបើកសាលារៀនឡើងវិញនេះ បានធ្វើឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានសភាពធូរស្រាលដោយអ្នកឆ្លងបានព្យាបាលជាសះស្បើយជិតអស់ ហើយមិនមានអ្នកឆ្លងថ្មី។ បើទោះបីជាយ៉ាងនេះក្តី ការបើកសាលារៀនឡើងវិញ ក៏នៅតែត្រូវបានយកចិត្តទុកដាក់ខ្ពស់លើវិធានការទប់ស្កាត់ការឆ្លង ឬចម្លងជំងឺកូវីដ១៩នេះនៅក្នុងថ្នាក់រៀន។
ក្រសួងអប់រំបានចេញសេចក្តីណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យយកចិត្តទុកដាក់អនុវត្តន៍វិធានអនាម័យ និងគម្លាតសុវត្ថិភាពនៅក្នុងថ្នាក់រៀន ដើម្បីបង្ការការឆ្លងជំងឺ។ នៅមុនបើកទ្វារសាលារៀននេះ នៅតាមគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន ក៏បានធ្វើសកម្មភាពបោសសំអាត និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមបរិស្ថានសាលា និងនៅក្នុងថ្នាក់រៀនផងដែរ។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង អប់រំ យុវជន និងកីឡា ក្នុងសេចក្តីណែនាំកន្លងទៅ បានណែនាំគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវអនុវត្ដតាមគោលការណ៍ប្រតិបត្ដិស្ដង់ដា (SOP)។ ជាពិសេសពង្រឹងការអនុវត្ដវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ឬអាចអនុវត្ដលើសពីស្ដង់ដាដែលបានកំណត់នេះ។
តាមការណែនាំរបស់ក្រសួងអប់រំ ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩ នេះ ក្រសួងបានកំណត់ឱ្យរៀបចំចំនួនអ្នកសិក្សា ២០ ទៅ ២៥នាក់ ក្នុងបន្ទប់រៀន (តុ កៅអីសិស្ស និងតុគ្រូ) រៀបចំវេនសិក្សា ដើម្បីធានាគម្លាតសុវត្ថិភាពក្នុងបរិវេណគ្រឹះស្ថានសិក្សា សីតុណ្ហភាពក្នុងបន្ទប់រៀនមិនត្រូវទាបជាង ២៤អង្សារសេ និងមានខ្យល់ និងពន្លឺគ្រប់គ្រាន់។
រាល់សកម្មភាពប្រមូលផ្ដុំ មិនលើសពី ៥០នាក់, អនុវត្តការវាស់កម្ដៅសីតុណ្ហភាពអ្នកសិក្សាគ្រូបង្រៀន និងបុគ្គលិក (មិនអនុញ្ញាតឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សាករណីកម្តៅលើសពី ៣៧.៥ អង្សារសេ), អនុវត្តការពាក់ម៉ាស ឬរបាំងមុខ ចំពោះអ្នកសិក្សា គ្រូបង្រៀន និងបុគ្គលិក ក្នុងបរិវេណគ្រឹះស្ថាន សិក្សា, រៀបចំបន្ទប់សុខភាព និងសម្ភារសង្គ្រោះបឋម រៀបចំកន្លែងលាងដៃ ទឹកអាល់កុល ជែលលាងដៃ។
រៀបចំបន្ទប់ទឹក បន្ទប់អនាម័យ សមស្របតាមចំនួនសិស្ស, រៀបចំទីធ្លា និងទ្វារចេញ ចូល ដែលមិនមានការកកស្ទះ, មិនមានការលក់ដូរនំចំណី ឬអាហារដ្ឋានក្នុងបរិវេណគ្រឹះស្ថានសិក្សា, មិនមានដំណើរការសេវាដឹកជញ្ជូនអ្នកសិក្សា, មិនត្រូវមានការលេងកីឡា ដែលនាំឱ្យមានការប៉ះទង្គិចគ្នា, មិនមានសកម្មភាពកម្សាន្ត ឬការប្រគំតន្ត្រី។
អ្នកសិក្សា បុគ្គលិក ឬសមាជិកគ្រួសារជាជនជាតិបរទេស ដែលបានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល២ខែចុងក្រោយ ចាំបាច់តម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ មុននឹងអនុញ្ញាតឱ្យចូលរៀន និងបំពេញការងារក្នុងគ្រឹះស្ថានសិក្សា។
សូមរំលឹកថា ក្រសួងអប់រំយុវជន និងកីឡា បានសម្រេចផ្អាកដំណើរការសាលារៀនទាំងអស់នៅកម្ពុជា កាលពីថ្ងៃទី១៦ ខែមីនា ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ក្នុងពេលបិទសាលារៀនកន្លងមកនេះ ក្រសួងអប់រំបានដាក់ចេញនូវយន្តការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអនឡាញជាច្រើនទម្រង់សម្រាប់សិស្ស-និស្សិត៕