ភ្នំពេញ៖បុរសជនជាតិចិនម្នាក់បើករថយន្តក្នុងល្បឿនលឿន បម្រុងនឹងវ៉ាជែងរថយន្តក្រុងក៏អកហ្សឺជាមួយនឹងកង់បីឥណ្ឌា បួងចង្កូតគេចជ្រុលទៅបុកនឹងនាគពុះចែកផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងឡើងលើ រីឯតៃកុងវិញរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 00និង 30 នាទីយប់ឈានចូលថ្ងៃអាទិត្យទី 6 ខែកញ្ញាឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តក្រុងមួយគ្រឿង ដឹកអ្នកដំណើរដែលពាក់ផ្លាកលេខ ភ្នំពេញ( 3-B 60 27) ធ្វើដំណើក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនធម្មតា ។
ស្រាប់តែភ្លាមនោះដែរ គេបានឃើញរថយន្តម៉ាកតាកូម៉ាមួយគ្រឿងទៀតពណ៌ទឹកប្រាក់ ដែលពាក់ផ្លាកលេខ ភ្នំពេញ( 2-AN 75 74 )បើកបរដោយជនជាតិចិន ធ្វើដំណើរទិសដៅពីលិចមកកើត ស្របទិសគ្នាក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បម្រុងនឹងវ៉ាជែងខាងឆ្វេងដៃ ស្រាប់តែអកហ្សឺម៉ូតូកង់បីពីខាងមុខ រួចបួងចង្កូតគេចមិនផុតទៅប៉ះរថយន្តក្រុង និងជ្រុលទៅបុកនាគពុះចែកផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចំណែកឯម្ចាស់រថយន្តយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញ ទាក់ទងទៅចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុរួចយករថយន្ត 2 គ្រឿង ទៅរក្សាទុកនៅខាងចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយនៅពេលក្រោយ៕