ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ពង្រឹងការសហការជាមួយស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងចំពោះ យានដ្ឋានកែច្នៃយានយន្តខុសច្បាប់ និងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលជាមូលហេតុចម្បងធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការខូចខាតផ្លូវមុនអាយុកាល។
ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សា ពីវិធានការទប់ស្កាត់យានដ្ឋានជួសជុលនិងកែច្នៃ និងយានដ្ឋានដំឡើងយានយន្តខុសច្បាប់ ការគ្រប់គ្រងឯកសារចុះបញ្ជីយានយន្ត ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ការងារគ្រប់គ្រង និងត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវជាតិ និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងនឹងធ្វើរបាយការណ៍អំពី ស្ថានភាពនៃយានដ្ឋានគ្មានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាត និងយានដ្ឋានមានច្បាប់អនុញ្ញាតតែកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស ជូនក្រសួងមហាផ្ទៃ និងជូនអាជ្ញាធរដែនដី ដើម្បីចាត់ការតាមច្បាប់។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងត្រូវបន្តសហការជាមួយអាជ្ញាធរដែនដី ជាពិសេសនគរបាល និងកងរាជអាវុធហត្ថ ដើម្បីចាត់វិធានការលើយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស។
ដោយឡែក ចំពោះវិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមមន្ត្រីជំនាញពាក់ព័ន្ធប្រើប្រាស់យន្តការជញ្ជីងចល័ត ជញ្ជីងបង្កប់ក្រោមតួផ្លូវ (WEIGHT IN MOTION) និងកាមេរ៉ាចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានច្រើនកន្លែង ដើម្បីតាមចាប់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលគេចវេះ មិនព្រមចូលថ្លឹងនៅតាមស្ថានីយជញ្ជីង ដែលជាមូលហេតុចម្បងនាំឱ្យមានគ្រោះថ្នាកចរាចណ៍ អន្តរាយដល់ផ្លូវថ្នល់ និងខាតបង់ថវិកាជាតិជាដើម។
ដោយឡែកទាក់ទងនឹងការគ្រប់គ្រង និងត្រួតពិនិត្យស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវជាតិ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់របស់ក្រសួងសិក្សាលម្អិតគ្រប់ផ្លូវទាំងអស់ ដើម្បីរៀបចំបំពាក់ស្លាកសញ្ញាឱ្យត្រូវតាមលក្ខណៈបច្ចេកទេស ងាយមើលឃើញ និងមានគុណភាពល្អអាចប្រើប្រាស់បានយូរអង្វែង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តថា ការផ្ទេរកម្មសិទ្ធិយានជំនិះនឹងត្រូវធ្វើតាមប្រព័ន្ធអនឡាញ ដោយហេតុថាក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអគ្គនាយកពន្ធដារ ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋគ្រាន់តែចូលទៅកាន់ កន្លែងផ្តល់សេវាដែលកំណត់ដោយក្រសួង តែមួយកន្លែងជាការស្រេច ដើម្បីទទួលបានសេវា និងបង់ពន្ធប្រាប់ត្រា ដោយប្រើប្រាស់រយៈពេលខ្លី លឿនរហ័ស និងមិនស្មុគស្មាញ។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា ក្រសួងនឹងផ្ដល់គ្រឿងចក្រជូនមន្ទីរទាំង២៥ រាជធានី-ខេត្ត អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ដែលជាអគ្គនាយកដ្ឋានទើបតែបង្កើតថ្មី និងក្រុមការងារពិសេសចុះត្រួតពិនិត្យគុណភាពផ្លូវ យកទៅប្រើប្រាស់តាមតម្រូវការ និងប្រើប្រាស់គ្រឿងចក្រទាំងនេះឱ្យអស់លទ្ធភាពក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនថែមទៀត៕