ព័ត៌មានជាតិ

ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ

ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៥ ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សារ អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨ មីនា កង់ប្រវត្តិសាស្រ្តបានខិតជិតទៅរកមហាសោកនាដកម្មដ៏គួរឱ្យសោកសង្រែងជាទីបំផុត ដែលយើងមិនធ្លាប់ស្គាល់។ អំពើប្រល័យពូជសាសន៍ ការសម្លាប់រង្គាល ទារុណកម្ម និងការងារដោយបង្ខំ បានសម្លាប់ប្រជាជនអស់ជិត ៣លាននាក់ ត្រឹមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។ក្រោយថ្ងៃរំដោះ ៧ មករា យើងត្រូវការពេលវេលាច្រើនណាស់ទម្រាំកសាងជាតិឱ្យរស់រានមានជីវិតឡើងវិញ ស្របពេលដែលមានសម្ពាធពីគ្រប់មជ្ឈដ្ឋាន រាប់បញ្ចូលទាំងហានិភ័យ នៃការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយើងនៅពេលនោះបានតស៊ូប្រឹងប្រែង ខាំមាត់សង្កត់ចិត្ត អត់ធ្មត់ខ្ពស់បំផុត ខិតខំការពារជាតិក្នុងកាលៈទេសៈដ៏លំបាកនោះ ព្រមទាំងពុះពារ លះបង់សព្វបែបយ៉ាងដើម្បីទទួលបានមកវិញនូវសុខសន្តិភាព។ យើងត្រូវការពេលវេលា ជិត ២ ទសវត្សរ៍ទៀត ទើបយើងទទួលបានផ្លែផ្កានៃសន្តិភាពពេញលេញ ចាប់ផ្តើមការកសាងអភិវឌ្ឍជាតិលើគ្រប់វិស័យ។មេរៀនប្រវត្តិសាស្រ្តមួយនេះ គឺជាការដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយ នៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម។ ព្រឹត្តិការណ៍នេះក៏បានបង្រៀនយើងផងដែរថា គ្មានអ្នកណាស្រលាញ់ជាតិយើងជាងជនជាតិយើង ដែលមានកំណើត និងបានរស់រានមានជីវិតលើទឹកដីយើងនោះទេ។ ការលាបពណ៌ នយោបាយជ្រុលនិយម រើសអើង និងការស្អប់ខ្ពើមគឺជាប្រភព នៃការបែកបាក់សាមគ្គីភាពផ្ទៃក្នុង ដែលនេះជាអ្វីដែលនាំដល់ការចុះខ្សោយនៃប្រជាជាតិយើងក្នុងអតីតកាល។#អរគុណសន្តិភាព

adm

Leave a Reply

Your email address will not be published. Required fields are marked *