ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស នៅវិមាន៧មករា រយ:ពេលពីរថ្ងៃនៅថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា, សម្ដេចក្រឡាហោម ស ខេង, សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ, សម្ដេចពិជ័យសេនា ទៀ បាញ់, លោកជំទាវ កិត្តិសង្គហបន្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងមានការចូលរួមពីសមាជិកគណកម្មាធិការកណ្ដាលគណបក្ស ចំនួន ៧៤៣រូប លើ ៨៦៥រូប ។អង្គសន្និបាតក៏បានបើកទូលាយដោយមានការអញ្ជើញឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មួយចំនួននៅតាមក្រសួង-ស្ថាប័នរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការមហាជន ក្រុមការងារចុះជួយមូលដ្ឋាន ឱ្យចូលរួម និងមានការផ្តល់វេទិបញ្ចេញមតិពិភាក្សាលើរបាយការណ៍ សំដៅស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ និងកំណត់ទិសដៅសម្រាប់ភារកិច្ចនៅពេលបន្តទៀត ក្នុងនោះមានចំនួនសរុប ៣.៤៧៤រូប។ឯកឧត្តម ម៉ម សារិន នាយកខុទ្ទកាល័យគណបក្សប្រជាជនកម្ពូជា និងជាគណ:ចាត់តាំងកម្មវិធី សន្និបាតបានបញ្ជាក់ថា៖អង្គសន្និបាត បានធ្វើឡើងនាពេលនេះ ស្របពេលដែលគណបក្សទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលថ្មីៗកន្លងមកនេះ។ថ្លែងបើកសន្និបាត សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានលើកឡើងថា សន្និបាតនៅពេលនេះ បានបើកទូលាយទាំងគណៈកម្មាធិការកណ្ដាលផង និងមន្ត្រីនៅថ្នាក់មូលដ្ឋានមកចូលរួមជាមួយផងដែរ។ សម្ដេចប្រធានបានបន្តថា ដោយសារស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានរំខានដល់ការជួបជុំរបស់យើង ហើយស្ថានភាពនេះបានធូស្រាល យើងក៏មានការជួបជុំនៅពេលនេះ។ សម្ដេចតេជោ បានបញ្ជាក់ថា ការបើកសន្និបាតនាពេលនេះ ក៏ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយស្វែងរកហេតុ និងផល ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងមក ហើយនឹងពិភាក្សាពីគោលដៅ ដើម្បីបំពេញបន្ថែម ឈានទៅរកការឈ្នះឆ្នោតក្នុងការបោះឆ្នោតតំណារាស្ត្រ នាឆ្នាំ២០២៣ ពេលខាងមុខនេះ។ សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស បានថ្លែងថា លទ្ធផលនៃការអនុវត្តទិសដៅ គោលការណ៍ គោលនយោបាយ សេចក្ដីណែនាំ និងសេចក្ដីសម្រេចចិត្តនានារបស់ថ្នាក់កណ្ដាលបានធ្វើឱ្យតួនាទីដឹកនាំរបស់គណបក្សកាន់តែលេចធ្លោទាំងនៅក្នុង និងក្រៅប្រទេស ហើយជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បញ្ជាក់ថា ប្រជាជនកម្ពុជា នៅតែត្រូវការតួនាទីរបស់គណបក្សប្រជាជនបន្តទៀតក្នុងការដឹកនាំកម្ពុជា។ សម្ដេចពញាចក្រីក៏បានលើកឡើងអំពីលក្ខណៈពិសេសរបស់គណបក្សប្រជាជនថា៖ជាគណបក្សដែលមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពីប្រជាជន មានរចនាសម្ព័ន្ធចាត់តាំងរឹងមាំ ធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាពសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ និងមានរបៀបធ្វើការងារត្រឹមត្រូវ។ ទាំងអស់នេះធ្វើឱ្យយើងជម្នះបាននូវការលំបាកទាំងឡាយ ជាពិសេសធ្វើឱ្យបរាជ័យនូវរាល់ឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងយកជើងរាទឹក និងប៉ុនប៉ងបំផ្លាញដល់ដំណើរការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។សម្ដេចពញាចក្រី បានបញ្ជាក់ថា កម្មវត្ថុនៃការពិភាក្សារបស់អង្គសន្និបាតនៅពេលនេះ គឺជាការស្វែងរកឱ្យឃើញនូវរាល់ហេតុ និងផលទាក់ទងដល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងឆ្នាំនេះ ដើម្បីមានមូលដ្ឋានជំរុញធ្វើឱ្យគណបក្សទទួលបានជ័យជម្នះនៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ខាងមុខ។សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធាន និងជាអគ្គលេខាបក្ស បានលើកឡើងថា ឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងពីភាពចាស់ទុំនយោបាយនៃដំណើការប្រជាធិបតេយ្យសេរី ពហុបក្សនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ ជោគជ័យនេះបានបង្ហាញនូវការគាំទ្រដ៏រឹងមាំ និងការផ្ដល់យុត្តិធម៌ពីប្រជាជនដល់គណបក្ស។សម្ដេចវិបុលសេនាភក្ដី បានបញ្ជាក់ថា យើងមិនត្រូវមានមោទនភាពពេក ចំពោះលទ្ធផលបោះឆ្នោតនេះទេ ដោយយើងត្រូវប្រឹងប្រែងពុះពារជម្នះ ហើយបន្តធ្វើសកម្មភាពឥតថមថយប្រកបដោយប្រសិទ្ធភាពទាំងក្នុងការអនុវត្តកម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្សទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយព្យាយាមលុបបំបាត់នូវបាតុភាពអសកម្មដែលធ្វើឱ្យប្រជាជនថ្នាំងថ្នាក់ដើម្បីធានាមូលដ្ឋានដ៏រឹងមាំសម្រាប់ជ័យជម្នះរបស់គណបក្សយើង។ សូមជម្រាបថា គណបក្សប្រជាជនកម្ពុជា មានសមាជិកគណកម្មាធិការកណ្ដាលចំនួន ៨៦៥រូប តែមកដល់ថ្ងៃនេះ មានសមាជិក បានទទួលមរណភាព និងសុំលាឈប់ពីគណបក្ស ទៅធ្វើជាសមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយបច្ចុប្បន្ន មានសមាជិកគណកម្មាធិការកណ្ដាលនៅសល់ចំនួន ៨២៦រូប ៕
Related Articles
ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) ត្រូវបានអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ជាបន្តបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញអមដំណើរឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យសមិទ្ធផលស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។ ក្នុងដំណើរអញ្ជើញចុះពិនិត្យមានការអញ្ជើញចូលរួមពីប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អាជ្ញាធរស្រុកទាំងពីរ (ស្ទឹងត្រង់-ក្រូចឆ្មារ) និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចបើកឱ្យដំណើរការស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្តោះអាសន្ន ដោយអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះតទៅ និងរងចាំពេលវេលាសមស្របណាមួយ ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា៖ សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្ថាបនា […]
អាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន (ស្លាប់៤នាក់) ពាក់ព័ន្ធករណីចាប់ជំរិត ប្លន់បាញ់សម្លាប់ នៅក្នុងបុរីអង្គរភ្នំពេញ
ភ្នំពេញ ៖ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបពួកក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅពេលបើកប្រតិបត្តិការបង្ក្រាបនេះ ឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង និងខ្លីជាច្រើនដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយភ្លាមនោះដោយប្រើប្រាស់សិទ្ធិការពារខ្លួន បាញ់ត្រឡប់ទៅវិញ បណ្ដាលឲ្យក្រុមជនល្មើសស្លាប់ចំនួន៤នាក់ នៅកន្លែងកើតហេតុ៕
សហគមន៍តំបន់ការពារធម្មជាតិអន្លង់ព្រីង រកប្រាក់ចំណូលបន្ថែមពីប្រពៃណីតម្បាញកន្ទេលចចូត
ខេត្តកំពត៖ ប្រជាពលរដ្ឋក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង បានបន្តរក្សាស្នាដៃកេរ្តិ៍ដូនតា ដូចជាការធ្វើនំបញ្ចុក និងសិប្បកម្មត្បាញចចូតជាសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ទេសចរដែលមកកម្សាន្តតំបន់ការពារធម្មជាតិមួយនេះ។ ប្រជាពលរដ្ឋនៃសហគមន៍អេកូទេសចរណ៍អន្លង់ព្រីង នៅតែថែរក្សាប្រពៃណីតម្បាញចចូត(កញ្ចូត)នេះរហូត មកដល់បច្ចុប្បន្ន មិនទាន់បោះបង់ទាំងស្រុងឡើយ។ សូមបញ្ជាក់ថា ប្រជាសហគមន៍ បានចេះរបៀបត្បាញម៉ូតទំនើបទាន់សម័យ ជាគោម តាមម៉ូត តាមទំហំខ្នាត តាមតម្រូវការអតិថិជន ហើយចំណេះជំនាញទាំងនេះបានមកពីការបង្ហាត់បង្រៀនពី@ អង្គការមូលនិធិសត្វក្រៀលអន្តរជាតិ ក្រោមគម្រោងលើកស្ទួយជីវភាពសហគមន៏ផ្សារភ្ជាប់ជាមួយការអភិរក្ស។ តំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពតត្រូវបានបង្កើត ឡើងដោយអនុក្រឹត្យ លេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីងបានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ពិសេសសត្វក្រៀល សត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស និងសត្វស្លាបកម្រ និងជិតផុតពូជនៅលើពិភពលោក។ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពត សហការជាមួយក្រុមអភិរក្សនៃអង្គការដៃគូ និងសហគមន៍កំពុងធ្វើការគ្រប់គ្រងតំបន់ការពារធម្មជាតិមួយនេះ ដើម្បីប្រយោជន៍កូនចៅតជំនាន់។ ជាមួយគ្នានេះ គណៈកម្មការសហគមន៍ប្រជាពលរដ្ឋ មានឱកាសទទួល បង្កើនកិច្ចថែរក្សាតំបន់វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងរកចំណូលពីការនាំភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ព្រមទាំងសិក្សាស្វែងយល់ ក៏ដូចជាទិញផលិតផលសហគមន៍៕