ព័ត៌មានជាតិ

បុរសម្នាក់ កំពុងបើករថយន្តតាមផ្លូវ ត្រូវដែករបស់ការដ្ឋានសំណងមួយកន្លែង ធ្លាក់ទម្លុះកញ្ចក់ខាងមុខ ត្រូវចំជើង រងរបួសធ្ងន់

ភ្នំពេញ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ដោយសារតែទីតាំងការដ្ឋានមួយកន្លែង ធ្លាក់ដែកថ្នាំងអំពៅ១ដើម ទំហំ១២លី ទម្លុះកញ្ចក់រថយន្ត បណ្តាលឲ្យធ្លុះជើងខាងស្ដាំ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចុះដល់កន្លែងហេតុ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាន នៅមុខវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ ធ្វើដំណើរដោយរថយន្តម៉ាក Ford ពណ៌ប្រផះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0636 តាមបណ្ដាយផ្លូវលេខ៧ ខណៈមកដល់ចំណុចការដ្ឋាន ស្រាប់តែមានដែកថ្នាំងអំពៅទំហំ១២លី ធ្លាក់មកពីលើការដ្ឋានកំពុងសាងសង ទម្លុះកញ្ចក់រថយន្ត បុកចំជើងរបស់បុរសកំពុងបើករថយន្តនោះតែម្ដង។

ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងជំនាញចុះទៅទីតាំងការដ្ឋានពិនិត្យមើល និងឲ្យផ្អាកទាំងស្រុងជាបណ្ដោះអាស្នន។ សូមបញ្ជាក់ផងដែរថា ក្រោយបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ភាគីម្ចាស់ការដ្ឋាន និងភាគីជនរងគ្រោះ ក៏បានសម្របសម្រួលគ្នា ជូនជាសំណងផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *