ព័ត៌មានជាតិ

​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង និង​ស្ពាន​ខ្សែកាប​តំបន់​អភិវឌ្ឍន៍​កោះនរា​


​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​ក្រុង​ពាលី បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ស្ពាន​បេតុង​ពី​ផ្លូវជាតិ​លេខ​១ ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះនរា និង​ស្ពានបេតុង​ខ្សែកាប​ពី​តំបន់​កោះនរា ទៅកាន់​ទីក្រុង​រណប​កោះ​ពេជ្រ ស្ថិតនៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។ ពិធី​តាមបែប​សាសនា​នេះ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមហ៊ុន OCIC​។​

​ពិធី​ក្រុង​ពាលី​នេះ ធ្វើឡើង​ក្នុងន័យ​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តីសុខ​ចម្រើន​នៅមុន​ពេល​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​នេះ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​

​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០​ស្អែក​នេះ សមិទ្ធផល​ថ្មី​ជា​ប្រវត្តិសាស្ត្រ​លើ​ទឹកដី​រាជធានី​ភ្នំពេញ​មួយទៀត នឹង​ចាប់ផ្តើម​បើក​ការដ្ឋាន​ដំណើរការ​សាងសង់​ហើយ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ សមិទ្ធផល​ថ្មី​ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​ស្អែក​នេះ គឺ​ស្ពានបេតុង​ខ្សែ​កា​ប្ល​ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​រាជធានី​ភ្នំពេញ ពី​ទីក្រុង​កោះ​ពេជ្រ ទៅកាន់​ទីក្រុង​រណប​កោះ​ន​រា និង​ពី​កោះនរា ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា មាន​ប្រវែង ៨២៤​ម៉ែត្រ មាន​ទទឹង ២៤.៥០​ម៉ែត្រ​។ ផ្លូវ​នេះ​គ្រោង​ចំណាយពេល​សាងសង់ ៣៥​ខែ ដោយ​ចំណាយ​ថវិកា ៣៨​លាន​ដុល្លារ​។

​ដោយឡែក​ស្ពាន​ភ្ជាប់​ពី​ក្រុង​រណប​កោះនរា ទៅកាន់​ផ្លូវជាតិ​លេខ​១ មាន​ប្រវែង ៦០​ម៉ែត្រ ទទឹង ២១​ម៉ែត្រ គ្រោង​ចំណាយពេល​សាងសង់ ១២​ខែ និង​ចំណាយ​ថវិកា ១,៦០៦,៣៥៣​ដុល្លា​អាមេរិក​។​

​ស្ពានបេតុង​ខ្សែ​កា​ប្ល​១​ខ្សែ​នេះ នៅពេល​សាងសង់​រួច នឹងចូលរួម​ចំណែក​ជួយ​សម្រួលការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ផ្លូវជាតិ​លេខ​១​។ ជាពិសេស​ជួយ​កាត់បន្ថយ​ការកកស្ទះ នៅ​ស្ពាន​ព្រះមុនីវង្ស​។​

​សូមបញ្ជាក់ថា នៅ​កោះនរា ស្ថិត​ក្នង​ភូមិសាស្ត្រ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន OCIC ធ្វើជា​ទីក្រុង​រណប​ថ្មី​លើ​ផ្ទៃដី​ជាង ១០០​ហិកតា​។ គម្រោង​នេះ​នឹងត្រូវ​រៀបចំ​អភិវឌ្ឍន៍ ដូច​ទៅនឹង​ទីក្រុង​កោះ​ពេជ្រ​នាពេល​បច្ចុប្បន្ន​ដែរ​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *